ផែនការអភិវឌ្ឍ ៥ឆ្នាំ ឆ្នាំទី៣ – ២០២១

ថ្ងៃ​ចន្ទ២ ខែ​វិច្ឆិកា២០២០

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តក្រចេះ មានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីដំណើរការកសាងផែនការអភិវឌ្ឍ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ក្រុង ស្រុក ដែលរៀចំឡើងដោយមន្ទីរផែនការខេត្ត ក្រោមអធិបតីភាពលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលសាលាខេត្ត បណ្ដាមន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក ក្រុង អភិបាលស្រុក ក្រុង និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

លោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្ត បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយយកអភិបាលកិច្ចល្អជាស្នូលដឹកនាំ និងផ្ដល់ការណែនាំជាគោលនយោបាយសម្រាប់ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ និងកិច្ចដំណើការកសាងផែនការដែលមានស្វ័យភាពក្នុងការរៀបចំផែនការក្នុងអាណត្តិក្រុមប្រឹក្សារបស់ខ្លួន ព្រមទាំងមានគោលដៅផ្ដល់ការណែនាំសម្រាប់ការត្រួតពិនិត្យ និងការកែលំអរប្រព័ន្ធ និងនិតិវិធីនៃការកសាងផែនការតាមចរឹកលក្ខណៈផ្សេងៗគ្នានៃប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនិមួយៗ និងផ្ដល់ការណែនាំអំពីយន្តការ និងការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំកសាង និងអនុវត្តផែនការរបស់ខ្លួន។

លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ដែលបង្ហាញថាធនធានជាច្រើន ដែលបានមកពីប្រភពនានា រួមទាំងថវិការាជរដ្ឋាភិបាលថវិកាគុណបំណាច់ខេត្ដ ថវិកាពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ និងធ្វើឲ្យលោក លោកស្រីបានយល់ដឹងពីការរៀបចំផែនការឡើងស្របតាមសេចក្ដីណែនាំបច្ចេកទេសរបស់ថ្នាក់ជាតិ ដោយមានការចូលរួមក្នុងដំណើរការវិភាគស្ថានភាព សក្ដានុពល បញ្ហាប្រឈម និងតម្រូវការនានា ពីមន្ទីរ/អង្គភាព ទីចាត់ការចំណុះសាលាខេត្ដ ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក អង្កការសង្គមស៊ីវិល វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋក្នុងខេត្ដ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្តក្រចេះនេះឡើង៕