ទំនាក់ទំនងរវាងក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក មានដូចខាងក្រោមៈ
-
- អំណាចបញ្ញត្តិ និងអំណាចប្រតិបត្តិទាំងអស់ដែលក្រុមប្រឹក្សាស្រុកបានសម្រេចរួចហើយ គណៈអភិបាលស្រុកត្រូវទទួលខុសត្រូវចាត់ចែងអនុវត្តក្នុងនាមក្រុមប្រឹក្សាស្រុករបស់ខ្លួន។ ដូច្នេះគណៈអភិបាលស្រុក គឺជាអ្នកអនុវត្តទាំងសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិរបស់ក្រុមប្រឹក្សាស្រុក
- ក្រុមប្រឹក្សាស្រុក ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចការដែលអនុវត្តដោយគណៈអភិបាលស្រុក ដើម្បីធានាថាគណៈអភិបាលស្រុកអនុវត្តកិច្ចការទាំងនោះ បានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងការសម្រេចរបស់ក្រុមប្រឹក្សាស្រុក
- គណៈអភិបាលស្រុក ត្រូវធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាស្រុករបស់ខ្លួនរៀងរាល់កិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក
- គណៈអភិបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាស្រុករបស់ខ្លួន អំពីការអនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាស្រុក និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល អំពីការអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា
- អភិបាលស្រុក ដោយមាននាយករដ្ឋបាលសាលាស្រុកជាជំនួយការ ត្រូវរៀបចំសេចក្តីរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការអនុវត្តតួនាទីជាតំណាងរាជរដ្ឋាភិបាល និងតំណាងក្រសួង ស្ថាប័ននានា ព្រមទាំងស្ថានភាពនៃការងារទាំងនោះក្នុងរបាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីរាយការណ៍ជូនក្រុមប្រឹក្សាស្រុករបស់ខ្លួន
- ក្នុងករណីមានបញ្ហាណាមួយដែលពាក់ព័ន្ធដល់ការអនុវត្តតួនាទីរបស់អភិបាលស្រុកក្នុងនាមជាតំណាងរាជរដ្ឋាភិបាល និងតំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយដែលមានការប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ឬមានការទាមទារតវ៉ាពីប្រជាពលរដ្ឋ ក្រុមប្រឹក្សាស្រុកអាចតម្រូវឱ្យអភិបាលស្រុកធ្វើសេចក្តីរាយការណ៍ជាពិសេសជូនកិច្ចប្រជុំក្រុមប្រឹក្សាស្រុក
- ក្រុមប្រឹក្សាស្រុកអាចផ្តល់អនុសាសន៍ និងការណែនាំដល់អភិបាលស្រុក អំពីការអនុវត្តតួនាទីខាងលើនេះ ដើម្បីឆ្លើយតបតម្រូវការជាអាទិភាព និងបញ្ហាប្រឈមនានារបស់មូលដ្ឋាន។ អភិបាលស្រុកត្រូវទទួលយកអនុសាសន៍ និងការណែនាំពីក្រុមប្រឹក្សាស្រុករបស់ខ្លួន ដើម្បីធ្វើការណែនាំ សម្របសម្រួល និងតម្រង់ទិសដល់ការិយាល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ដែលប្រចាំនៅស្រុក ក្នុងការឆ្លើយតបតម្រូវការទាំងនោះ ហើយត្រូវរាយការណ៍ជូនក្រុមប្រឹក្សាស្រុករបស់ខ្លួនវិញ។
ក្រៅពីទំនាក់ទំនងនានាដូចបានរៀបរាប់ខាងលើ ទំនាក់ទំនងរវាងក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ក៏បានកំណត់ក្នុងតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកផងដែរ។
មតិថ្មីៗ