តួនាទី និងភារកិច្ចរបស់គណៈអភិបាលស្រុក
ផ្អែកតាមខ្លឹមសារអនុក្រឹត្យលេខ ២១៦អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង និងក្រុមប្រឹក្សា គណៈអភិបាលស្រុក
គណៈអភិបាលស្រុក មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
- គណៈអភិបាលស្រុក ត្រូវធ្វើការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់យោបល់ជូនក្រុមប្រឹក្សាស្រុក អំពីកិច្ចការនានាដែលពាក់ព័ន្ធនឹងអំណាចបញ្ញត្តិ និងអំណាចប្រតិបត្តិរបស់ក្រុមប្រឹក្សាស្រុក ដើម្បីក្រុមប្រឹក្សាស្រុកធ្វើការពិភាក្សា អនុម័តក្នុងកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញទាក់ទងនឹង៖
– ការពិនិត្យមុខងារ ភារកិច្ច និងធនធានទាំងអស់ដែលបានប្រគល់ ឬបានផ្ទេរមកឱ្យក្រុមប្រឹក្សាស្រុក និងរបៀបរបប បែបបទ នីតិវិធីនៃការអនុវត្តមុខងារ ភារកិច្ច និងការចាត់ចែងធនធានទាំងនោះ
– ការរៀបចំយុទ្ធសាស្ត្រ និងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន ដើម្បីទទួលយកមុខងារ ភារកិច្ច និងធនធានដែលបានប្រគល់ ឬបានផ្ទេរ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
– ផែនការអភិវឌ្ឍនៈរយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ
– ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម និងការធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ
– គម្រោងថវិកាប្រចាំឆ្នាំ
– ការងារហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់ស្រុក
– ការបង្កើត ការកែសម្រួល ឬការរំសាយការិយាល័យនានា
– ការរៀបចំតួនាទី ភារកិច្ច និងល័ក្ខខ័ណ្ឌការងាររបស់បុគ្គលិក
– ការកំណត់នីតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុសម្រាប់ការិយាល័យ និងបុគ្គលិករបស់ក្រុមប្រឹក្សាស្រុក
– ការកំណត់យុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងបុគ្គលិករបស់ក្រុមប្រឹក្សាស្រុក
– ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ ដាក់ជូនក្រុមប្រឹក្សាស្រុក ពិនិត្យ និងអនុម័ត មិនឱ្យលើសពី៤៥ថ្ងៃ បន្ទាប់ពីដំណាច់ឆ្នាំនីមួយៗ ពាក់ព័ន្ធនឹង៖
+ ដីកា និងសេចក្តីសម្រេចនានាដែលបានដាក់ចេញដោយក្រុមប្រឹក្សាស្រុក និងសកម្មភាពលទ្ធផលនៃការអនុវត្ត
+ របាយការណ៍ហិរញ្ញវត្ថុ
+ ការវាយតម្លៃអំពីការបំពេញការងាររបស់គណៈអភិបាលស្រុក និងបុគ្គលិករបស់ក្រុមប្រឹក្សាស្រុក
+ វិធានការចាំបាច់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការងាររបស់ក្រុមប្រឹក្សាស្រុក
+ វិធានការចាំបាច់ដើម្បីលើកកម្ពស់សមភាពយេនឌ័រ
+ កិច្ចការផ្សេងៗទៀត ដែលក្រុមប្រឹក្សាស្រុកយល់ឃើញថាចាំបាច់ ត្រូវដាក់បញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន
– របាយការណ៍ប្រចាំខែ ត្រីមាស និងឆមាស
– ការវាយតម្លៃសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងស្រុក និងតម្រូវការគាំទ្រចំពោះឃុំ សង្កាត់ក្នុងស្រុក
– ការបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនានា តាមការចាំបាច់ដើម្បីជួយដល់ការអនុវត្តការងាររបស់ក្រុមប្រឹក្សាស្រុក
– ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ដូចជាការរៀបចំក្តារព័ត៌មាន ការបិទផ្សាយព័ត៌មាននៅលើក្តារព័ត៌មាន និងការស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មាននានាជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
– កិច្ចសហការ និងការគាំទ្រដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ នៅក្នុងស្រុករបស់ខ្លួន
– ការដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ឃុំ សង្កាត់
-កិច្ចការផ្សេងៗទៀត ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងដែលតម្រូវដោយក្រុមប្រឹក្សាស្រុករបស់ខ្លួន
- នៅពេលទទួលបានរបាយការណ៍រួច ឬព័ត៌មានអំពីការរំលោភអំណាច គណៈអភិបាលស្រុកត្រូវធ្វើការស៊ើបអង្កេតជាបន្ទាន់។ ប្រសិនបើរកឃើញថាមានការរំលោភអំណាចពិតប្រាកដមែន គណៈអភិបាលស្រុក ត្រូវធ្វើសេចក្តីរាយការណ៍ជាបន្ទាន់ទៅក្រុមប្រឹក្សាស្រុក និងធ្វើសេចក្តីរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើសេចក្តីរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អភិបាលស្រុកមានតួនាទីជាតំណាងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលក្នុងស្រុក។ ក្នុងតួនាទីជាតំណាងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល អភិបាលស្រុកត្រូវ៖
-
- ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងស្រុកអំពីច្បាប់ និងធានាឱ្យមានការអនុវត្តច្បាប់ ព្រមទាំងធានាឱ្យមានការការពារ និងគោរពសិទ្ធិមនុស្សចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុក
- ធ្វើជាប្រធានគណៈបញ្ជាការឯកភាពស្រុក ក្នុងការដឹកនាំសម្របសម្រួលការិយាល័យ អង្គភាពពាក់ព័ន្ធនានា និងឃុំ សង្កាត់នានានៅក្នុងស្រុក ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងស្រុក
- ណែនាំដល់ការិយាល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ដែលប្រចាំនៅស្រុកឱ្យអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់គោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការិយាល័យ អង្គភាព និងទីភ្នាក់ងារនីមួយៗនោះ
- សម្របសម្រួលតម្រង់ទិសដល់ការិយាល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅស្រុក ក្នុងការឆ្លើយតបតម្រូវការជាអាទិភាពនៅមូលដ្ឋាន។ ក្នុងកិច្ចការទាំងឡាយណាដែលមានការពាក់ព័ន្ធច្រើនវិស័យ អភិបាលស្រុកត្រូវធ្វើការសម្របសម្រួលការិយាល័យ អង្គភាព ទីភ្នាក់ងារពាក់ព័ន្ធ ដើម្បិសហការគ្នាអនុវត្តកិច្ចការនោះ ដោយផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងតម្រូវការអាទិភាពរបស់មូលដ្ឋាន។ តាមរយៈគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាស្រុក អភិបាលស្រុក ត្រូវសម្របសម្រួលតម្រង់ទិសការិយាល័យ អង្គភាព និងទីភ្នាក់ងារនានា របស់ក្រសួង ស្ថាប័ន ដែលប្រចាំនៅស្រុក ក្នុងការធ្វើសមាហរណកម្មផែនការ និងថវិការបស់ខ្លួនទៅក្នុងផែនការ និងថវិការបស់ក្រុមប្រឹក្សាស្រុក
- ពិនិត្យ វាយតម្លៃ ផ្តល់មូលវិចារណ៍ និងដាក់ពិន្ទុប្រធានការិយាល័យ អង្គភាពនៃក្រសួង ស្ថាប័ននានា ដែលប្រចាំនៅក្នុងស្រុក
- ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុកជាមុន ក្នុងការផ្តល់យោបល់លើបេក្ខភាពដែលស្នើសុំតែងតាំងជាប្រធានការិយាល័យ និងអង្គភាពនៃក្រសួង ស្ថាប័ននានាប្រចាំនៅស្រុករបស់ខ្លួន។ ក្នុងករណីមិនគាំទ្របេក្ខភាពដែលស្នើសុំតែងតាំងខាងលើនេះ អភិបាលស្រុក ត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ពីហេតុផលនៃការមិនគាំទ្រនេះ ជូនអភិបាលខេត្ត ដើម្បីអភិបាលខេត្ត ធ្វើការសម្របសម្រួលជាមួយប្រធានមន្ទីរ អង្គភាពសាមីជាមុន មុននឹងធ្វើសេចក្តីរាយការណ៍ជូនរដ្ឋមន្ត្រី ឬប្រធានស្ថាប័នសាមី
- រាយការណ៍ជាលាយលក្ខណ៍អក្សរ និងជាបន្ទាន់ទៅអភិបាលខេត្ត ក្នុងករណីពិនិត្យឃើញថាមានភាពមិនប្រក្រតី ដែលកើតមានក្នុងការិយាល័យ អង្គភាព និងទីភ្នាក់ងារណាមួយរបស់ក្រសួង ស្ថាប័ន ដែលប្រចាំនៅក្នុងស្រុករបស់ខ្លួន ឬក្នុងករណីប្រធានការិយាល័យ ប្រធានអង្គភាព និងអ្នកទទួលខុសត្រូវ នៃការិយាល័យ អង្គភាព បានប្រព្រឹត្តខុសឆ្គងពីតួនាទី និងភារកិច្ចរបស់ខ្លួន។ អភិបាលខេត្តត្រូវណែនាំដល់មន្ទីរ អង្គភាពខ្សែបណ្តោយសាមីប្រចាំខេត្ត ដើម្បីស្រាវជ្រាវអំពីបញ្ហានេះ ឬអាចចាត់តាំងគណៈកម្មការ ឬក្រុមការងារដែលមានការចូលរួមពីរដ្ឋបាលស្រុកពាក់ព័ន្ធ ឱ្យធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ ដើម្បីធ្វើសេចក្តីរាយការណ៍ជូនរដ្ឋមន្ត្រី ឬប្រធានស្ថាប័នសាមី ដោះស្រាយស្របតាមនីតិវិធី
- មានសិទ្ធិស្នើជាលាយលក្ខណ៍អក្សរទៅអភិបាលខេត្ត ដើម្បីចាត់វិធានការផ្លាស់ប្តូរ ឬដកហូតពីមុខតំណែងនូវប្រធានការិយាល័យ ឬប្រធានអង្គភាព ឬអ្នកទទួលខុសត្រូវ នៃទីភ្នាក់ងារណាមួយរបស់ក្រសួង ស្ថាប័ន ដែលប្រព្រឹត្តខុសច្បាប់ ហើយដែលមិនអាចធ្វើយុត្តកម្មបាន។
បញ្ជាក់ៈ
-
-
- ដើម្បីធានាឱ្យអភិបាលស្រុកអនុវត្តនូវភារកិច្ចខាងលើនេះ សេចក្តីរាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ការិយាល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅស្រុក ត្រូវដាក់ជូនអភិបាលស្រុក ដើម្បីពិនិត្យ និងផ្តល់យោបល់។ ប្រសិនបើ អភិបាលស្រុក ឯកភាព អភិបាលស្រុកត្រូវចុះហត្ថលេខាលើរបាយការណ៍នោះ រួមជាមួយប្រធានការិយាល័យ អង្គភាព និងអ្នកទទួលខុសត្រូវ នៃទីភ្នាក់ងារនោះ។
- ចំពោះសេចក្តីរាយការណ៍ក្រៅពីនោះរបស់ការិយាល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ដែលប្រចាំនៅស្រុក ត្រូវចម្លងជូនសាលាស្រុក។
-
របៀបរបបការងាររបស់គណៈអភិបាលស្រុក
ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន គណៈអភិបាលស្រុក អភិបាលស្រុក អភិបាលរងស្រុក ត្រូវពិនិត្យ ពិចារណាលើចំណុចសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងរបៀបរបបអនុវត្តការងារដូចខាងក្រោមៈ
-
-
- ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន អភិបាលស្រុកត្រូវគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា និងត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ននានា ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា
- ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន និងការងារដទៃទៀត ដែលខ្លួនយល់ឃើញថាចាំបាច់ អភិបាលស្រុកត្រូវយកការងារទាំងនោះមកពិគ្រោះ ពិភាក្សាក្នុងគណៈអភិបាលស្រុករបស់ខ្លួន ដោយឈរលើគោលការណ៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងការសម្រេច និងគោលការណ៍ណែនាំពីក្រុមប្រឹក្សាស្រុករបស់ខ្លួន
- អភិបាលស្រុកត្រូវទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាស្រុក អំពីសកម្មភាពការងារទាំងអស់របស់គណៈអភិបាលស្រុករបស់ខ្លួន។ អភិបាលរងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខអភិបាលស្រុក លើភារកិច្ចនានាដែលបានប្រគល់ជូន ហើយត្រូវរួមជាមួយអភិបាលស្រុក ទទួលខុសត្រូវអំពីការសម្រេច និងសកម្មភាពក្នុងគណៈអភិបាលស្រុករបស់ខ្លួន
- ដើម្បីធានាឱ្យបាននូវគោលការណ៍នៃការអនុវត្តការងារនេះ គណៈអភិបាលស្រុកត្រូវជួបប្រជុំប្រចាំអឌ្ឍមាស។ ការប្រជុំអឌ្ឍមាសទី២នៃខែនីមួយៗជាការប្រជុំប្រចាំខែ។ ក្រៅពីការប្រជុំប្រចាំអឌ្ឍមាស និងការប្រជុំប្រចាំខែ គណៈអភិបាលស្រុកអាចកោះប្រជុំតាមការចាំបាច់។ រៀងរាល់កិច្ចប្រជុំទាំងនេះត្រូវមានកំណត់ហេតុនៃកិច្ចប្រជុំ
- គណៈអភិបាលស្រុកត្រូវប្រជុំពិភាក្សា ដើម្បីបែងចែកភារកិច្ចដល់អភិបាលស្រុក និងអភិបាលរងស្រុក ហើយសុំការសម្រេចពីក្រុមប្រឹក្សាស្រុករបស់ខ្លួន។ អភិបាលរងស្រុក ដែលទទួលបានការបែងចែកភារកិច្ចនេះ ត្រូវទទួលខុសត្រូវអំពីសកម្មភាពរបស់ខ្លួនចំពោះមុខអភិបាលស្រុក
- អភិបាលស្រុក ត្រូវចុះហត្ថលេខាលើលិខិតស្នាមរដ្ឋបាល សម្រាប់ចាត់ចែងការងារប្រចាំថ្ងៃ ដើម្បីអនុវត្តសេចក្តីសម្រេចនៃក្រុមប្រឹក្សាស្រុករបស់ខ្លួន លើកលែងតែលិខិតបទដ្ឋានគតិយុត្តដែលតម្រូវឱ្យប្រធានក្រុមប្រឹក្សាស្រុកចុះហត្ថលេខា ក្នុងនាមក្រុមប្រឹក្សាស្រុករបស់ខ្លួន។ អភិបាលស្រុកអាចប្រគល់សិទ្ធិដល់អភិបាលរងស្រុក ក្នុងការចុះហត្ថលេខាលើឯកសារ លិខិតស្នាមរដ្ឋបាលចាំបាច់មួយចំនួន ក្នុងក្របខ័ណ្ឌនៃភារកិច្ចដែលបានបែងចែកជូនអភិបាលរងស្រុកនីមួយៗ។ ប៉ុន្តែអភិបាលស្រុក ត្រូវទទួលខុសត្រូវអំពីភាពត្រឹមត្រូវតាមច្បាប់ និងបែបបទ នីតិវិធីចំពោះឯកសារ លិខិតស្នាមដែលបានប្រគល់សិទ្ធិចុះហត្ថលេខាដល់អភិបាលរងស្រុក
- អភិបាលស្រុក មានសិទ្ធិដកហូតសិទ្ធិមកវិញនូវសិទ្ធិចុះហត្ថលេខាពីអភិបាលរងស្រុកណាមួយ ដែលប្រើប្រាស់អំណាចនេះមិនស្របច្បាប់ និងមិនស្របតាមបែបបទនីតិវិធី។ ការប្រគល់ និងការដកហូតមកវិញនូវសិទ្ធីចុះហត្ថលេខានេះ អភិបាលស្រុក ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាស្រុករបស់ខ្លួន
- ក្នុងករណីអភិបាលស្រុកអវត្តមាន អភិបាលស្រុកត្រូវផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរជូនអភិបាលរងស្រុកមួយរូប ឱ្យទទួលជាអភិបាលស្រុកស្តីទី។ ប្រសិនបើអភិបាលស្រុក អវត្តមានដោយពុំបានផ្ទេរសិទ្ធិ អភិបាលរងស្រុក ដែលស្ថិតនៅលំដាប់លេខរៀងលើគេ នៃប្រកាសតែងតាំងអភិបាលរងស្រុកនៃគណៈអភិបាលស្រុក ត្រូវធ្វើជាអភិបាលស្រុកស្តីទី។ ក្នុងករណីអភិបាលស្រុកស្តីទីអវត្តមាន អភិបាលខេត្ត ត្រូវចេញដីកា ដើម្បីប្រគល់ភារកិច្ចជូនអភិបាលរងស្រុកមួយរូប ឱ្យទទួលជាអភិបាលស្រុកស្តីទី និងត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើសេចក្តីរាយការណ៍មករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- អភិបាលស្រុកស្តីទី ត្រូវរាយការណ៍រាល់កិច្ចការដែលបានអនុវត្តជូនអភិបាលស្រុក នៅពេលដែលអភិបាលស្រុកមានវត្តមានវិញ
- គណៈអភិបាលស្រុក ឬអភិបាលស្រុក ឬអភិបាលរងស្រុក ដែលបានសម្រេច និងឬដែលបានអនុវត្តកិច្ចការណាមួយផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ឬកិច្ចការណាមួយែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្រុក ហើយពុំបានទទួលការសម្រេចពីក្រុមប្រឹក្សាស្រុក ការសម្រេច ឬសកម្មភាពនោះពុំមានសុពលភាពឡើយ។ គណៈអភិបាលស្រុក ឬអភិបាលស្រុក ឬអភិបាលរងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អំពីការសម្រេច ឬសកម្មភាពខាងលើនេះ។
-