ក្រុមប្រឹក្សាស្រុក

ផ្អែកតាមខ្លឹមសារអនុក្រឹត្យលេខ ២១៦អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មានតួនាទី និងភារកិច្ចដូចខាងក្រោមៈ

១‑សិទ្ធិអំណាចរបស់ក្រុមប្រឹក្សាស្រុកៈ

 • ក្រុមប្រឹក្សាស្រុក គឺជាតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបម្រើឱ្យផលប្រយោជន៍ របស់ប្រជាពលរដ្ឋទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
 • ក្រុមប្រឹក្សាមានសិទ្ធិអំណាចពីរគឺៈ

+ សិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ
+ សិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងប្រតិបត្តិ

២‑ប្រធានក្រុមប្រឹក្សាស្រុក មានសិទ្ធិចុះហត្ថលេខា និងប្រថាប់ត្រាលើៈ

 • ដីកា ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា
 • សេចក្តីសម្រេចបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ
 • កំណត់ហេតុប្រជុំ
 • សំណើដកហូតអភិបាល ឬអភិបាលរង
 • លិខិតអញ្ជើញប្រជុំរបស់ក្រុមប្រឹក្សា
 • ប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា
 • សំណើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សា
 • កិច្ចការដទៃទៀត ដែលតម្រូវដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។

៣‑របៀបរបបការងាររបស់ក្រុមប្រឹក្សាៈ

 • បំពេញមុខងារ និងភារកិច្ចដោយធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ តាមរយៈដីកា និងសេចក្តីសម្រេចក្នុងអង្គប្រជុំក្រុមប្រឹក្សា ហើយត្រូវធានាថា ដីកា និងសេចក្តីសម្រេចទាំងនោះ ត្រូវបានអនុវត្ត
 • ចាត់ឱ្យគណៈ​​កម្មាធិការណាមួយ ឬមួយចំនួន ដើម្បីស្រាវជ្រាវ រៀបចំសេចក្តីព្រាងដីកា ឬ សេចក្តីព្រាងសេចក្តីសម្រេច តាមការចាំបាច់
 • ចាត់ឱ្យអភិបាល រៀបចំផ្សព្វផ្សាយ និងអនុវត្តដីកា សេចក្តីសម្រេច ដែលក្រុមប្រឹក្សាបាន អនុម័តរួច ឱ្យមានប្រសិទ្ធភាព
 • ក្នុងករណីច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តមិនបានចែងអំពីនីតិវិធី ប្រើប្រាស់អំណាចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវចាត់ឱ្យអភិបាល ធ្វើការសិក្សាស្រាវជ្រាវ រៀបចំនីតិវិធីសមស្រប ដាក់ជូនក្រុមប្រឹក្សាអនុម័ត ឬស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬរដ្ឋមន្រ្តី ឬប្រធានស្ថាប័នពាក់ព័ន្ធ។

+ក្នុងករណីមាននីតិវិធីដែរ ប៉ុន្តែនីតិវិធីនោះចែងមិនច្បាស់លាស់ ឬមិនស្របនឹងស្ថានភាពជាក់ស្តែង និងមិនអាចអនុវត្តបាន ក្រុមប្រឹក្សាត្រូវចាត់ឱ្យគណៈអភិបាល ធ្វើសំណើមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្ទាន់។ ដោយផ្អែកតាមយន្តការ គ.ជ.អ.ប រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើការសម្របសម្រួលជាមួយរដ្ឋមន្ត្រី ឬប្រធានស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងដោះស្រាយ។

៤‑កិច្ចប្រជុំរបស់ក្រុមប្រឹក្សាមានពីរប្រភេទៈ

 • ប្រជុំសាមញ្ញៈ ក្រុមប្រឹក្សាអាចប្រជុំសាមញ្ញយ៉ាងហោចណាស់ចំនួន ១២ដង/ឆ្នាំ (មាត្រា៧៤)
 • ប្រជុំវិសាមញ្ញៈ ក្រុមប្រឹក្សាអាចប្រជុំវិសាមញ្ញនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន តាមការចាំបាច់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ឬពិសេស (មាត្រា ៧៧)។

+កិច្ចប្រជុំសាមញ្ញា និងវិសាមញ្ញអាចយកជាការបាន លុះត្រាតែកិច្ចប្រជុំទាំងនេះ ប្រព្រឹត្តទៅត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាស្រុក។ សេចក្តីសម្រេចទាំងឡាយណាដែលធ្វើឡើង មិនស្របនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាស្រុក ឬរដ្ឋធម្មនុញ្ញ ឬច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា សេចក្តីសម្រេចនោះ ពុំមានសុពលភាពឡើយ។

+រាល់កិច្ចប្រជុំ របស់ក្រុមប្រឹក្សា ត្រូវធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ ឬធ្វើសេចក្តីសម្រេចខាងប្រតិបត្តិ ដែលជាគោលការណ៍ គោលនយោបាយរបស់រដ្ឋបាលស្រុក និងជាវិធានការ បែបបទ នីតិវិធីចាត់ចែងការងារ តាមការចាំបាច់ ដែលទាក់ទងទៅនឹងៈ

 • ការរៀបចំដើម្បីទទួលមុខងារ ភារកិច្ច និងធនធានថ្មី
 • ការអនុវត្តមុខងារជាកាតព្វកិច្ច របស់ក្រុមប្រឹក្សា
 • ការអនុវត្តមុខងារជាជម្រើស របស់ក្រុមប្រឹក្សា
 • ផែនការអភិវឌ្ឍ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលប្រចាំឆ្នាំ
 • ថវិកាប្រចាំឆ្នាំ និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យម របស់រដ្ឋបាលស្រុក
 • បញ្ហាហិរញ្ញវត្ថុផ្សេងទៀតរបស់ក្រុមប្រឹក្សា
 • ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធានរបស់ក្រុមប្រឹក្សា
 • ការបែងចែកភារកិច្ច ដល់សមាជិកក្រុមប្រឹក្សា ដើម្បីជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ និងតាមដានការងារនានា តាមតម្រូវការរបស់ក្រុមប្រឹក្សា
 • ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិ របស់រដ្ឋបាលស្រុក
 • ដំណើរការពិគ្រោះយោបល់ ជាមួយសាធារណៈជន និងផ្សព្វផ្សាយព័ត៌មាន
 • សមិទ្ធិផល បញ្ហាប្រឈម នៃកិច្ចការនានា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
 • កិច្ចការផ្សេងៗ ដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។

+ក្រៅពីនេះ ក្រុមប្រឹក្សាសម្រេចលើកិច្ចការមួយចំនួន ផ្សេងទៀតដូចជាៈ

 • អញ្ជើញអភិបាល ឬអភិបាលរង ឬគណៈអភិបាល ឬបុគ្គលដែលពាក់ព័ន្ធ មកសាកសួរអំពីការអនុវត្តសេចក្តីសម្រេច របស់ក្រុមប្រឹក្សា ឬកិច្ចការផ្សេងៗ
 • ការសម្រេចឱ្យសិក្សា ស្រាវជ្រាវលើករណីដែលក្រុមប្រឹក្សាយល់ថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ និងសម្រេចឱ្យផ្សព្វផ្សាយ និងណែនាំដល់គណៈអភិបាល អំពីការដោះស្រាយតាមលទ្ធផលសិក្សានេះ
 • ការពិនិត្យ ស្រាវជ្រាវ និងការធ្វើសេចក្តីរាយការណ៍ទៅក្រសួងមហាផ្ទៃ ករណីមានការរំលោភអំណាច កើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
 • ការពិនិត្យ និងដោះស្រាយទង្វើមិនស្របច្បាប់ដោយក្រុមប្រឹក្សា ឬគណៈអភិបាល ឬអភិបាល ឬអភិបាលរង ឬបុគ្គលិកក្រុមប្រឹក្សា
 • ការពិនិត្យ និងដោះស្រាយវិវាទ នៅមូលដ្ឋានស្របទៅតាមច្បាប់ និងនីតិវិធី
 • ការពិនិត្យ និងដោះស្រាយអំពីសំណូមពរ ឬការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ
 • ការពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
 • បញ្ហាផ្សេងៗទៀត ដែលតម្រូវដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងបញ្ហានានា ដែលក្រុមប្រឹក្សា និងគណៈអភិបាល យល់ឃើញថាចាំបាច់។

៥‑ដំណើរការកិច្ចប្រជុំរបស់ក្រុមប្រឹក្សាៈ

 • កូរ៉ុមនៃការប្រជុំ
  +អាចដំណើរការប្រជុំបានលុះត្រាតែ មានវត្តមានសមាជិកមិនតិចជាងពាក់កណ្តាល នៃសមាជិកក្រុមប្រឹក្សាទាំងមូល
  +ការអនុម័តដីកា និងសេចក្តីសម្រេចដែលមានសុពលភាព គឺត្រូវមានសម្លេងគាំទ្រ លើសពីពាក់កណ្តាល នៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូល។

 

សមាសភាពក្រុមប្រឹក្សាស្រុកអូរជ្រៅ