ផែនការអភិវឌ្ឍ ៥ឆ្នាំ ឆ្នាំទី១ – ២០១៩
១.ចក្ខុវិស័យអភិវឌ្ឍន៍
ផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ (២០១៥-២០១៩) របស់ក្រុមប្រឹក្សាខេត្តអាណត្តទី២ បានកំណត់នូវចក្ខុវិស័យអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ដែលមានគោលបំណងសម្រេចឲ្យបានក្នុងរយៈពេលប្រាំឆ្នាំ ក្នុង អាណត្តិរបស់ខ្លួនដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះនានា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ស្របតាម “កម្មវិធីនយោបាយ,យុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៣” និង “ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤- ២០១៨” របស់រាជរដ្ឋាភិបាល និងដើម្បីរួមចំណែកសម្រេចឲ្យបានជោគជ័យតាមកម្មវិធីនយោបាយ, យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត។
ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនានា សំដៅចូលរួមសម្រេចឲ្យបាននូវគោល ដៅនៃការកាត់បន្ថយភាពក្រីក្រក្នុងអត្រាជាង ១% ក្នុងមួយឆ្នាំ ក៏ដូចជាគោលដៅផ្សេង ៗទៀត ដែលត្រូវបានកំណត់ក្នុង គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា និងពង្រឹងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅចម្បងបួននៃយុទ្ធសាស្រ្តចតុ កោណដែលមានគោលបំណងសម្រាប់ កំណើន,ការងារ ,សមធម៌ និងធានាឲ្យបាននូវ ប្រសិទ្ធ ភាព។ ខេត្តបានកំណត់នូវ ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្រ្ត ក្នុងក្រប ខ័ណ្ឌសម្រាប់ អភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ (២០១៥-២០១៩) ដែលមានការកំណត់ក្របខ័ណ្ឌអភិវឌ្ឃន៍តាមផ្នែកទាំងបួន នៃរចនាសម្ព័ន្ធនៃការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត ។ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២ បានកំណត់ចក្ខុវិស័យអភិវឌ្ឍន៍ខេត្តដូចតទៅ៖
ខេត្តកំពង់ឆ្នាំង មានវឌ្ឍនភាពលើគ្រប់វិស័យ មានសន្តិសុខនយោបាយសង្គម សណ្តាប់ធ្នាប់សាធារណៈ លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស សមភាព សមធម៌ សេរីភាព យុត្តិធម៌ អភិបាលកិច្ចល្អ ធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ មនសិកាវិជ្ជាជីវៈ និងសីលធម៌ល្អ ប្រជាជនមានសុខុមាលភាពល្អ វប្បធម៌ជាតិខ្ពង់ខ្ពស់ សុខដុមរម្យនីយកម្មជំនឿសាសនា ការអភិវឌ្ឍនិងអភិរក្សលើការគ្រប់គ្រងធនធានធម្មជាតិ មានវឌ្ឍនភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនសមរម្យ សុខដុមរមនា ទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិ ។ ដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើនេះ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២បានដាក់ចេញនូវ < គោល ការណ៍ណែនាំផ្នែកគោលនយោបាយ > សម្រាប់រៀបចំផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិ យោគបីឆ្នាំរំកិលសម្រាប់ជាឧបករណ៍ណែនាំ តម្រង់ទិសកិច្ចអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។ តាមរយៈគោលការណ៍ណែនាំផ្នែកគោលនយោបាយ ខេត្តបានរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍កំណត់៖ គោលបំណង គោលដៅ យុទ្ធសាស្រ្ត អភិវឌ្ឍន៍តាមបណ្តាផ្នែកដូចខាងក្រោម៖
២.គោលបំណងអភិវឌ្ឍន៍
គោលបំណងអភិវឌ្ឍន៍ខេត្តសំខាន់គឺ ធ្វើឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ អភិឌ្ឍន៍សេដ្ឋកិច្ចឲ្យសម្រេចបានកំណើនខ្ពស់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្ត ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ឲ្យបានយ៉ាងតិច១% ក្នុងមួយឆ្នាំ ជីវភាពរស់នៅរបស់ប្រជាជនសមរម្យ សុខដុមរមនា ទាំងក្នុងសង្គមគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិ តាមរយៈការឈានទៅសម្រេចឲ្យបានបណ្តាសូចនាករ ឬ ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍របស់ខេត្ត។ ខេត្តបានកំណត់;គោលបំណងតាមផ្នែកចំបងៗទាំងបួននៃរចនាសម្ព័ន្ធ ផែនការសម្រាប់សម្រេចចក្ខុវិស័យ ដូចខាងក្រោម៖
៣.គោលបំណងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច
៣.១. កម្រិតជីវភាពរបស់ប្រជាជនក្នុងខេត្តមានការរីកចំរើនឈានទៅការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ ដោយធានាបាននូវសន្តិសុខស្បៀង បង្កើនបានប្រាក់ចំណូល ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភសម្រាប់ប្រជាជន តាមរយៈការបង្កើនផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែមលើផលិតផល និងធ្វើឱ្យមាននិរន្តភាពនៃផលិតកម្មកសិកម្មបំរើឱ្យវិស័យឧស្សាហកម្ម និងការនាំចេញ ការធ្វើពិពិធភាវូបនីយកម្ម និងការធ្វើពាណីជ្ជកម្មផលិតផលកសិកម្ម តាមរយៈការបង្កើនផ្ទៃដីស្រោចស្រពលើផ្ទៃដីដាំដុះ លើកកម្ពស់ការ ងារបង្កបង្កើនផលរបស់ប្រជាជន ពង្រីកកម្មវិធីប្រពលវប្បកម្ម កាត់បន្ថយមហន្តរាយដែលបណ្តាលពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត លើកកម្ពស់ការគ្រប់គ្រងប្រើប្រាស់ធន ធានទឹកប្រកបដោយប្រសិទ្ធភាពមាននិរន្តរភាព ។
៣.២.ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ប្រភេទ ទាំងផ្លូវទីប្រជុំជន និងផ្លូវជនបទនៅក្នុងខេត្តមានស្ថានភាពល្អប្រសើរ ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច តាមរយៈការការគ្រប់គ្រងការងារថែទាំផ្លូវថ្នល់ឲ្យមាននិរន្តរភាព ការស្តារ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងការកសាងផ្លូវជនបទជាជំហានៗ ពីផ្លូវក្រាលគ្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ។ ប្រជាជនមានចំ ណេះដឹងច្បាប់ចរាចរណ៍ហើយចូលរួមអនុវត្តយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពចរាចរណ៍ ។
៣.៣. សេដ្ឋកិច្ចមានវឌ្ឍនភាព លើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជននៅទីប្រជុំជន និងជនបទ បង្កើតបាននូវឳកាសការងារពីការវិនិយោគវិស័យឯកជន មានកម្មវិធីបណ្តុះបណ្តាលអាជីវកម្មសហគ្រាសខ្នាតតូច មុខជំនួញគ្រួសារ ផ្តល់បច្ចេកទេសជំនាញ និងការយល់ដឹងអំពីការបង្កើតមុខរបរ ។លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចទីផ្សារសេរី បង្កលក្ខណៈងាយស្រួលឲ្យផលិតផល និងទំនិញធ្វើចរាចរបានដោយសេរី នៅគ្រប់ទីកន្លែង តាមគោលការណ៍ប្រកួតប្រជែងដោយស្មើភាពតាមថ្លៃទីផ្សារ។ ប្រជាពលរដ្ឋមានថាមពលអគ្គិសនីប្រើប្រាស់សម្រាប់គ្រួសារ និងសកម្មភាពអាជីវកម្ម ស្របតាមគោលដៅនៃវិស័យថាមពលរបស់រាជរដ្ឋាភិបាលពីឆ្នាំ២០១៣ដល់ ២០១៨គឺពង្រីកការផ្គត់ផ្គង់អគ្គិសនីឲ្យដល់ភូមិចំនួន៨០%នៃចំនួនភូមិទាំងអស់ ។
៣.៤.លើកកម្ពស់ការគ្រប់គ្រងចំណូល ចំណាយហិរញ្ញវត្ថុសាធារណៈស្របតាមច្បាប់ តាម រយៈការ ជំរុញការប្រមូលចំណូលថវិកាស្របច្បាប់ទាំងសារពើពន្ធនិងមិនមែនសារពើពន្ធ និងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រវិមជ្ឈការហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ បង្កើនកំណើនចំណូលក្នុងសេដ្ឋកិច្ចខេត្ត តាមរយៈសកម្មភាពមីក្រូហិរញ្ញវត្ថុសម្រាប់បង្កើតមុខរបរអាជីវកម្មខ្នាតតូចប្រចាំគ្រួសារ។
៤.គោលបំណងអភិវឌ្ឍន៍ផ្នែកសង្គមកិច្ច
៤.១.យុវជននិងកុមារគ្រប់រូបមានឱកាសស្មើៗគ្នា ក្នុងការទទួលបានការអប់រំប្រកប ដោយគុណភាព ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ បានទទួលការអប់រំមូលដ្ឋានក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ សិទ្ធកុមារ ការមិនរើសអើងអំពីស្ថានភាព សង្គមគ្រួសារ ទីតាំងភូមិសាស្ត្រ ពូជសាសន៍ សាសនា ភាសា យេនឌ័រ កាយសម្បទា។លើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតសិក្សារួមទាំងការបណ្តុះបណ្តាលបច្ចេកទេស មុខជំនាញ ការបណ្តុះបណ្តាល និងវិក្រឹត្យការគ្រូបង្រៀន។
៤.២. អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ដោយផ្តល់លទ្ធភាពទទួលបានជាសកលនូវសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌ ដើម្បីកែលម្អស្ថានភាពសុខភាព និងសុខមាលភាពប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី-កុមារ ជនក្រីក្រ ជនងាយរងគ្រោះនិងជនចាស់ជរា ។ស្ថានភាពកាន់តែប្រសើរឡើងនូវសុខភាពប្រជាជន ដែលជាមូលដ្ឋានមួយនៃការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ។ សេវាសុខាភិបាលសាធារណៈកាន់តែខិតជិតប្រជាជន តាមរយៈសកម្មភាពចុះផ្តល់សេវាសុខភាពតាមភូមិ យន្តការលើកលែងការបង់ថ្លៃសម្រាប់ប្រជាជនក្រីក្រ និងការពង្រីកមូលនិធិសមធម៌បង់ថ្លៃជួស ។ មន្រ្តីសុខាភិបាលមានសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់សេវាជូនប្រជាជនប្រ កបដោយភាពថ្លៃថ្នូរ យកចិត្តទុកដាក់ពិនិត្យ និងព្យាបាលអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង ។
៤.៣.មានវឌ្ឍនភាពការងារ ប្រជាជនមានការងារធ្វើ ទទួលបានសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់និយោជក កម្មករ និយោជិកត្រូវបានការពារដោយច្បាប់ការងារ ។មានប្រព័ន្ធសុខភាព សុវត្ថិភាពការងារនៅតាមរោងចក្រសហគ្រាសនានានៅក្នុងខេត្តបានល្អប្រសើរ ប្រព័ន្ធផ្សព្វផ្សាយ និងយន្តការសេវារកការងារធ្វើស្របច្បាប់សម្រាប់ពលករទាំងនៅក្នុងខេត្ត ក្នុងប្រទេស ក្រៅប្រទេស ។កម្លាំងពលកម្មទទួលបានការបណ្តុះបណ្តាលជំ នាញវិជ្ជាជីវៈស្របតាមទីផ្សារការងារដែលត្រូវការ។ លើកកម្ពស់ស្ថានភាពសង្គមកិច្ច របស់ប្រជាជន កាន់តែប្រសើរឡើង ដោយមានសេវាសង្គមកិច្ចសម្រាប់ជួយជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ប្រភេទ តាមរយៈអន្តរាគមន៍សង្គមកិច្ច ជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ និង ជនរងគ្រោះមហន្តរាយផ្សេងៗ កម្មវិធីសង្រ្គោះបន្ទាន់ ទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន កម្មវិធីដោះស្រាយបញ្ហាជនអនាថា ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស និង កម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និង កម្មវិធីថែទាំមនុស្សចាស់ ។
៤.៤.លើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបីឲ្យស្ថិតស្ថេរគង់វង្ស ។ យុវជន និងកុមារឲ្យយល់ដឹងច្បាស់អំពីតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ។ លើកកម្ពស់សេរីភាពខាងជំនឿ និងសាសនា ដោយពង្រឹងសុខដុមនីយកម្មរវាងសាសនិកគ្រប់សាសនា និងពង្រឹងពង្រីកពុទ្ធិកសិក្សា នៅគ្រប់កម្រិតឲ្យបានសមស្របតាមនិយាមគរុកោសល្យ ដោយធានាបានទាំងបរិមាណ និងគុណភាព ។ លើកកម្ពស់ស្ថានភាព នឹងតួនាទីរបស់ស្រ្តី កាន់តែទទួលបាននូវកាលានុវត្តភាពការងារ សមាមាត្រការចូលរួមរបស់ស្រី្តកាន់តែច្រើនឡើងក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្ត លើកកម្ពស់សមភាពយេនឌ័រ លុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ,អំពើជួញដូរមនុស្ស ,ការធ្វើអាជីវកម្មផ្លូវភេទ មានវប្បធម៌អហិង្សាក្នុងគ្រួសារ និងសហគមន៍ ធានាឲ្យកុមារទទួលបានពិតប្រាកដនូវសិទ្ធិជាមូលដ្ឋានទាំងបួនរបស់កុមារ ។
៥.គោលបំណងអភិវឌ្ឍន៍ផ្នែកប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ
៥.១.ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី ទីផ្សារដីធ្លី ទប់ស្កាត់ឫដោះស្រាយទំនាស់ដីធ្លីទាំងឡាយតាមរយៈការរៀបចំគ្រប់គ្រងដែនដី ការពារសិទ្ធិលើការគ្រប់គ្រងដីធ្លីរបស់ប្រជាជន ដីរដ្ឋ ដីឯកជន និងដីសហគមន៍ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ដីដោយសមធម៌ ចិរភាព និងមានប្រសិទ្ធិភាព ។ បែងចែកដីធ្លីសម្បទានសង្គមកិច្ចជូនគ្រួសារក្រីក្រ គ្រួសារយោធិន ប្រកបដោយសមធម៌ ដើម្បីមានដីសម្រាប់លំនៅដ្ឋាន និងផលិតកម្ម។
៥.២. អភិវឌ្ឍន៍ និងអភិរក្សធនធានជលផល, ធនធានព្រៃឈើ,ការពារតំបន់ជីវៈចម្រុះ ការពារនិងគ្រប់គ្រងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ធានាបាននូវគុណភាពបរិស្ថានដើម្បីសុខភាពសាធារណៈ រូមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គម ត្រួតពិនិត្យទប់ស្កាត់ កាត់បន្ថយការបំពុលបរិស្ថានដោយកាកសំណល់រឹង-រាវ ការពារគុណភាពទឹក ដី ខ្យល់ ។
៥.៣.អភិវឌ្ឍន៍ និងគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ ប្រជា ជន និងផលិតកម្មតាមរយៈការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ថ្លៃសមរម្យ ដើម្បីលើកកម្ពស់សុខុមាលភាព កាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់ មានបង្គន់អនាម័យគ្រប់គ្រាន់ សម្រាប់ប្រជាជនរស់នៅក្នុងតំបន់ទីប្រជុំជន និងជនបទ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ។ បង្ការទប់ស្កាត់ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ អន្តរាគមន៍ជួយប្រជាជនដែលត្រូវរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងកិច្ចគាំពារបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយការបាត់បង់ ខូចខាត ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
៦.គោលបំណងអភិវឌ្ឍន៍ផ្នែកគ្រប់គ្រងរដ្ឋបាល សន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ
៦.១.ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម លើកកម្ពស់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ និងសុវត្ថិភាពសង្គម។ទប់ស្កាត់ និង បង្រ្កាបបទល្មើសគ្រប់ប្រភេទដើម្បីបង្កភាពកក់ក្ដៅក្នុងការរស់នៅដោយសុខសាន្ត និងការប្រកបមុខរបររបស់ប្រជាជន ។ ពង្រឹងអភិបាលកិច្ចល្អ ក្នុងគោលបំណង បង្ការ ទប់ស្កាត់សំដៅប្រឆំាងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា អនុវត្ដច្បាប់ ការគោរពសិទ្ធិ និងសេច ក្ដីថ្ងៃថ្នូររបស់មនុស្ស ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ដែលផ្ដល់នូវកាលានុវត្ដភាពប្រកបដោយសមធម៌ជូនប្រជាជនគ្រប់រូប ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិស្របច្បាប់នៅក្នុងសង្គម ។
៦.២. លើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការវិជ្ជាជីវៈ របស់មន្រ្តីរាជការ ដើម្បីប្រែក្លាយទៅជាអ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាជនបានកាន់ តែល្អប្រសើរ និងធានាបាននូវការលើកកម្ពស់ប្រសិទ្ធភាពនៃសេវា លុបបំបាត់ការយកកម្រៃសេវាខុសច្បាប់។ អនុវត្តយ៉ាងសកម្មគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល សំដៅឲ្យរដ្ឋបាលសាធារណៈក្នុងដែនសមត្ថ កិច្ចរបស់ខេត្តកាន់តែមានភាពឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿ ទុកចិត្ត។
មតិថ្មីៗ